ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ចំនួន ១៦៩ នាក់ មកពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដើម្បីពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, ព្រមទាំងឧទ្ទេសាចារ្យ សិក្ខាកាម និងមន្ត្រីជំនាញពាក់ព័ន្ធ ។

ក្នុងពិធីនេះ, ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា អស់រយៈពេលពីរឆ្នាំមកហើយ ដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំចៅសង្កាត់ លើការងាររៀបចំ របាយការណ៍ហិរញ្ញវត្ថុ, ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានជ្រើសរើសឡើងតាមរយៈការប្រឡងក្តី ក៏លទ្ធផលនៃការអនុវត្តការងារកន្លងមកបង្ហាញថា មន្រ្តីទាំងនោះ នៅមិនទាន់មានចំណេះដឹង និង បទពិសោធគ្រប់គ្រាន់លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេស ខាងគណនេយ្យសាធារណៈ និងថវិកា នៅឡើយ ដែលការណ៍នេះ ទាមទារចាំបាច់នូវការបណ្តុះបណ្តាលបន្ថែមទៀត ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាង និងការអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រាប់គាំទ្រ និង អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអាទិភាពក្នុងចំណោមកម្មវិធីកែទម្រង់ គន្លឹះរបស់រាជរដ្ឋាភិបាល សំដៅ «ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្អែកលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ» ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗគឺៈ ដំណាក់កាលទី១ ពីឆ្នាំ២០០៤ ដល់ ២០០៨ ក្នុងគោលដៅកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ ២០១៥ ក្នុងគោលដៅពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបច្ចុប្បន្ន ឈានដល់ដំណាក់កាលទី៤ (២០២៣ – ២០២៧) ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់លើការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និងបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងនោះ, ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ គឺជាក្រុមគោលដៅសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់, ពីព្រោះថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គសំខាន់នៅរដ្ឋបាលឃុំសង្កាត់, ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ។

កម្មវិធីបណ្ដុះបណ្ដាលដែលរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ គឺជាកម្មវិធីដ៏សំខាន់ សម្រាប់កសាង និង អភិវឌ្ឍសមត្ថភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើប្រធានបទ ដូចជាៈ នីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ, និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែចូលរួមចំណែកដល់ការគាំទ្រ និង ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និង ប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់បំផុតក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារប្តឹងទៅ ICJ​

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ គណៈកម្មការនេះ ត្រូវបានបង្កើតឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…
ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

ក្រសួង​ការបរទេស​កម្ពុជា​ កោះហៅ​ភារធារី​ស្តីទីស្ថានទូតថៃមកទទួលកំណត់ទូត

នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ មករា អគ្គនាយក នៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានកោះហៅ លោកស្រី Ek-on Khunacharoen ភារធារីស្តីទី នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមកទទួលកំណត់ទូតអំពីការតវ៉ាយ៉ាងខ្លាំងក្លារបស់កម្ពុជា ចំពោះចំណាត់ការរបស់លោក ស៊ុមឃីត ឈឿខុង…
សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

សេចក្ដី​ជូនដំណឹង​ របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ពាក់ព័ន្ធស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិន មានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាង ការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា ដូចជាការប្រមូលផ្តុំធ្វើបាតុកម្មគ្រប់ប្រភេទ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់ សូមទាក់ទង ស្ថានទូត ឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ តាមរយៈលេខទូរស័ព្ទខាងក្រោម៖ ១.…