ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ចំនួន ១៦៩ នាក់ មកពីខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដើម្បីពង្រឹងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ, ព្រមទាំងឧទ្ទេសាចារ្យ សិក្ខាកាម និងមន្ត្រីជំនាញពាក់ព័ន្ធ ។

ក្នុងពិធីនេះ, ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា អស់រយៈពេលពីរឆ្នាំមកហើយ ដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំចៅសង្កាត់ លើការងាររៀបចំ របាយការណ៍ហិរញ្ញវត្ថុ, ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានជ្រើសរើសឡើងតាមរយៈការប្រឡងក្តី ក៏លទ្ធផលនៃការអនុវត្តការងារកន្លងមកបង្ហាញថា មន្រ្តីទាំងនោះ នៅមិនទាន់មានចំណេះដឹង និង បទពិសោធគ្រប់គ្រាន់លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេស ខាងគណនេយ្យសាធារណៈ និងថវិកា នៅឡើយ ដែលការណ៍នេះ ទាមទារចាំបាច់នូវការបណ្តុះបណ្តាលបន្ថែមទៀត ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាង និងការអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រាប់គាំទ្រ និង អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអាទិភាពក្នុងចំណោមកម្មវិធីកែទម្រង់ គន្លឹះរបស់រាជរដ្ឋាភិបាល សំដៅ «ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្អែកលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ» ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗគឺៈ ដំណាក់កាលទី១ ពីឆ្នាំ២០០៤ ដល់ ២០០៨ ក្នុងគោលដៅកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ ២០១៥ ក្នុងគោលដៅពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបច្ចុប្បន្ន ឈានដល់ដំណាក់កាលទី៤ (២០២៣ – ២០២៧) ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់លើការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និងបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងនោះ, ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ គឺជាក្រុមគោលដៅសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់, ពីព្រោះថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គសំខាន់នៅរដ្ឋបាលឃុំសង្កាត់, ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ។

កម្មវិធីបណ្ដុះបណ្ដាលដែលរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ គឺជាកម្មវិធីដ៏សំខាន់ សម្រាប់កសាង និង អភិវឌ្ឍសមត្ថភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើប្រធានបទ ដូចជាៈ នីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ, និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែចូលរួមចំណែកដល់ការគាំទ្រ និង ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤ ប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និង ប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់បំផុតក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព៕

អត្ថបទ​ដោយ៖ Nou Seyha

Related post

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត…
លោក នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

លោក នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ ក្នុងឱកាសអនុញ្ញាតឱ្យឧកញ៉ា…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥​របស់​សមាគមឧកញ៉ាកម្ពុជា។ នៅព្រឹកមិញនេះ សមាគមឧកញ៉ាកម្ពុជា បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅដឹ ព្រេមៀ…